ជនស៊ីវិល ៨ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅសណ្ឋាគារ Mogadishu
MOGADISHU៖ យ៉ាងហោចណាស់មនុស្ស ៨ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងការវាយប្រហារលើសណ្ឋាគារមួយក្នុងរដ្ឋធានី Mogadishu របស់ប្រទេសសូម៉ាលី ខណៈដែលកងកម្លាំងសូម៉ាលីបានបន្តប្រយុទ្ធជាមួយខ្មាន់កាំភ្លើងដែលបានលាក់ខ្លួននៅខាងក្នុងអាគារ។
លោក Mohamed Abdikadir បានអោយដឹងថា “កងកម្លាំងសន្តិសុខបានបន្តបន្សាបភេរវករដែលជាប់គាំងនៅក្នុងបន្ទប់មួយក្នុងអគារសណ្ឋាគារនោះ មនុស្សភាគច្រើនត្រូវបានជួយសង្គ្រោះ ប៉ុន្តែយ៉ាងហោចណាស់ជនស៊ីវិលប្រាំបីនាក់ត្រូវបានបញ្ជាក់ថាបានស្លាប់មកទល់ពេលនេះ” ។
ក្រុមអ្នកប្រយុទ្ធមកពីក្រុម Al-Shabaab ដែលមានទំនាក់ទំនងនឹងអាល់កៃដា បានសម្រុកចូលសណ្ឋាគារ Hayat ដ៏ពេញនិយមកាលពីល្ងាចថ្ងៃសុក្រ ដោយការបាញ់កាំភ្លើង និងការបំផ្ទុះគ្រាប់បែក។
លោក Abdikadir បានប្រាប់ AFP ថា “កងកម្លាំងសន្តិសុខបានជួយសង្គ្រោះជនស៊ីវិលរាប់សិបនាក់ រួមទាំងកុមារដែលត្រូវបានជាប់នៅក្នុងអគារដោយសុវត្ថិភាព” ។
ការឡោមព័ទ្ធនៅតែធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ដោយមានការបាញ់កាំជ្រួច និងការបំផ្ទុះយ៉ាងខ្លាំងនៅក្នុងតំបន់នោះ។
វាគឺជាការវាយប្រហារដ៏ធំបំផុតនៅក្នុងទីក្រុង Mogadishu ចាប់តាំងពីប្រធានាធិបតីថ្មីរបស់ប្រទេសសូម៉ាលី លោក Hassan Sheikh Mohamud ត្រូវបានបោះឆ្នោតជ្រើសរើសកាលពីខែឧសភា។
មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសណ្ឋាគារដើម្បីស្វែងរកជោគវាសនារបស់មនុស្សជាទីស្រលាញ់ដែលជាប់នៅខាងក្នុងសណ្ឋាគារ។
សាក្សី Muudey Ali បានអោយដឹងថា “យើងបានស្វែងរកសាច់ញាតិរបស់ខ្ញុំដែលជាប់នៅក្នុងសណ្ឋាគារ ហើយនាងត្រូវបានគេបញ្ជាក់ថាស្លាប់រួមជាមួយមនុស្សប្រាំមួយនាក់ផ្សេងទៀត ដែលខ្ញុំស្គាល់ពីរនាក់”។