បទវិភាគ៖ប្រទេសចិនជួយអាស៊ានអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល
នាពេលបច្ចុប្បន្ននេះ ពិភពលោកបាននិងកំពុងឋិតក្នុងបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺឆ្លងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលមានកម្លាំងទន់ខ្សោយ គម្លាតរវាងការអភិវឌ្ឍនៃប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍មានភាពកាន់តែធំ ការជំរុញការអភិវឌ្ឍជាសកលបានក្លាយជាបញ្ហាដ៏សំខាន់ដែលមនុស្សជាតិត្រូវប្រឈម ។ ដូច្នេះ ប្រទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដើម្បីពន្លឿនការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ ក៏ដូចជាដោះស្រាយបញ្ហានិងការសាកល្បងមួយចំនួនដែលពិភពលោកត្រូវប្រឈមក្នុងដំណើរអភិវឌ្ឍន៍សកល ។
គំនិតផ្តួចផ្តើមនេះបានឆ្លើយតបយ៉ាងខ្លាំងនូវតម្រូវការជាបន្ទាន់នៃបណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ ដែលចង់ពន្លឿនការជំរុញការងើបឡើងវិញសេដ្ឋកិច្ចបន្ទាប់ពីបញ្ចប់កូវីដ១៩ ដោយឡែកនិយាយចំពោះប្រទេសអាស៊ាន ការបង្កើនការតភ្ជាប់គ្នានៃយុទ្ធសាស្ត្រអភិវឌ្ឍន៍និងការប្រាស្រ័យទាក់ទងខាងគោលនយោបាយជាមួយប្រទេសចិន ព្រមនិងបង្កើតវេទិកាសហប្រតិបតិ្តការអភិវឌ្ឍន៍និងយន្តការរយៈពេលវែង ប្រការទាំងនេះមិនត្រឹមតែអាចសម្រេចបាននូវការបំពេញបន្ថែមឧត្តមភាពដល់គ្នាទៅវិញទៅមក និងចែករំលែកសមិទ្ធផលជាមួយគ្នាប៉ុណ្ណោះទេ ថែមទាំងក៏អាចបំពេញបន្ថែមនូវកម្លាំងចលករដល់ការអភិវឌ្ឍជាសកលទៀតផង ។
ឆ្នាំនេះគឺជាខួបទី៣១នៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ាន ទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងចិននិងអាស៊ានសុទ្ធតែទទួលបានការអភិវឌ្ឍបែបលោតផ្លោះ។ ទិន្នន័យដែលអគ្គនាយកដ្ឋានគយចិនបានចេញផ្សាយនៅពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ៧ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលរបស់ចិនជាមួយអាស៊ាន គឺ៣,៥៣ទ្រីលានប្រាក់យាន់ចិន ដែលបានកើនជាង១៣,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ហើយត្រូវជា១៥ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់ចិនជាមួយបរទេស ។ នេះជាសមិទ្ធផលថ្មីបំផុតនៃកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ាន ហើយក៏ជាតារាងពន្ទុដ៏ល្អប្រសើរនៃកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់អាសិប)ផងដែរ ។
ក្រៅពីនេះ កិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្មរវាងចិននិងអាស៊ានក៏ទទួលបានការរីកច្រើនយ៉ាងច្រើនផងដែរ ។ កាលពីខែវិច្ឆិកាឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវវិធានការដ៏សំខាន់មួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចរវាងទ្វេភាគី ក្នុងនោះកិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្មគួរឱ្យអ្នកផងចាប់អារម្មណ៍ ។ ប្រទេសចិននិងអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្មទ្វេភាគីចំនួនជាង៣០ច្បាប់ ហើយបានអនុវត្តកម្មវិធីផ្លាស់ប្តូរបច្ចេកទេសកសិកម្មចំនួនជាង២០០រួចហើយ ។ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រទេសចិននឹងនាំចូលកសិផលក្នុងតម្លៃ១៥ម៉ឺនលានដុល្លារអាមេរិកពីប្រទេសអាស៊ាន ព្រមនិងផ្តល់ជំនួយឧបត្ថម្ភខាងហិរញ្ញវត្ថុទៀត ក្នុងន័យជម្រុញផលិតកម្មលើវិស័យកសិកម្ម ក៏ដូចជាបង្កើនប្រាក់ចំណូលរបស់ប្រទេសអាស៊ានផងដែរ ។
រីឯប្រទេសអាស៊ានបានមានជំនឿចិត្តជាទូទៅចំពោះអនាគតអភិវឌ្ឍន៍របស់ចិន ហើយរីករាយបង្កើតសហគមន៍រួមវាសនាតែមួយជាមួយប្រទេសចិនដែលមានភាពកាន់តែស្អិតល្មួត ។ ប៉ុន្តែ ប្រទេសធំមួយចំនួនតូចបែរជាប៉ុនប៉ងបង្កើតក្រុមសម័្ពន្ធតូចខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅអាស៊ីប៉ាស៊ីហ្វិក ដើម្បីច្រានចោលប្រទេសចិននិងឃោសនាបំប៉ោងពី “ការផ្តាច់ទំនាក់ទំនង”និង“ផ្តាច់ខ្សែសង្វាក់ឧស្សាហកម្ម” ដើម្បីបំផ្លាញកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន និងបំផ្លាញស្ថានភាពដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ប្រការនេះមិនត្រឹមតែបានល្មើសនឹងក្តីបំណងរួមរបស់ប្រជាជននៃបណ្តាប្រទេសនានាក្នុងតំបន់ដែលចង់ងើបឡើងវិញនិងទទួលបានការអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើផ្ទុយនឹងចរន្តអភិវឌ្ឍន៍នៃសកលភាវូបនីយកម្មសេដ្ឋកិច្ចនិងសមាហរណកម្មក្នុងតំបន់ទៀតផង ។
ឆ្នាំនេះ ក្រោមការណែនាំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ចិននិងអាស៊ានបានរួមគ្នាកំណត់គម្រោងថ្មីដើម្បីលើកកម្ពស់កម្រិតថ្នាក់នៃកិច្ចសហប្រតិបតិ្តការ ។ ចិននិងអាស៊ានរួមគ្នាបង្កើតគំរូនៃការរួមគ្នាអភិវឌ្ឍ នេះជាសញ្ញាយ៉ាងខ្លាំងដែលបានបញ្ចេញទៅកាន់មជ្ឈដ្ឋានខាងក្រៅ ពោលគឺប្រឆាំងឯកតោភាគីនិយមនិងការការពារនិយមខាងពាណិជ្ជកម្ម គាំទ្រពាណិជ្ជកម្មសេរីនិងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហើយក៏បានបង្ហាញម្តងទៀតថា ការរួមគ្នាស្វែងរកការអភិវឌ្ឍជាចរន្តប្រវតិ្តសាស្ត្រ ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាក្តីបំណងរួមរបស់មនុស្សជាទូទៅ ៕ វិទ្យុមិត្តភាពកម្ពុជាចិន