បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនចិនម្នាក់ រឹបអូសគ្រឿងញៀនជាង ៧គីឡូក្រាម
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនចិន ១នាក់ និងរឹបអូសគ្រឿងញៀនជាង ៧គីឡូក្រាម។
ការបង្ក្រាបនេះធ្វើឡើងដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទី កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា. លោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្វីរ. លោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០). មានការចូលរួមពីកម្លាំង ជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក អ៊ុ សុភ័ក្រ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅ ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖ -នៅចំណុច មុខខុនដូរអិល ផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ -រួចបន្តទៅឆែកឆេរខុនដូរប៉ាវលី បន្ទប់លេខ១៦១៨ ជាន់ទី១៦ ផ្លូវ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជាធានីភ្នំពេញ។
ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ៈឈ្មោះ ចាង ហ្វុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន។ សមត្ថកិច្ចបានដកហូតវត្ថុតាង៖ អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ៧ គ.ក្រ ៥៣.៦ក្រាម, សារធាតុគីមី ១០ គ.ក្រ ៧៦០ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕