លោកអាឡិច សាន់ដឺ លូកាសិនកូ អះអាងថា យន្តហោះយោធារបស់ប្រទេសលោក ត្រូវបានកែច្នៃសម្រាប់ការបំពាក់អាវុធនុយក្លេអ៊ែរ
(បរទេស)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា យន្តហោះចម្បាំង SU-២៤ របស់យោធាបេឡារុស ត្រូវបានកែច្នៃដើម្បីបំពាក់នុយក្លេអ៊ែរ ហើយលោកក៏បានព្រមានដែរថា ទីក្រុងមីនស្កិ៍នឹងឆ្លើយតបភ្លាមៗ ប្រសិនបើក្រុមលោកខាងលិច ហ៊ានបង្កបញ្ហាណាមួយមកលើបេឡារុស។
នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២។
លោក លូកាសិនកូ បានឱ្យដឹងទៀតថា រូបលោកបានព្រមព្រៀងលើ ការកែច្នៃយន្តហោះយោធាបេឡារុសនេះ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។
បេឡារុស គឺជាប្រទេស ដែលមិនមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួននោះទេ ប៉ុន្តែអាចនឹងទទួលបានអាវុធនេះពីរុស្ស៉ី ដ្បិតទីក្រុងមីនស្កិ៍ គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់ទីក្រុងមូស្គូ។ យ៉ាងណាក្តី លោក លូកាសិនកូ មិនបានរៀបរាប់លម្អិតថាតើ ការផ្ទេរអាវុធនុយក្លេអ៊ែរពីរុស្ស៉ី អាចនឹងកើតឡើងដោយរបៀបណាឡើយ។
គួរបញ្ជាក់ថា ទន្ទឹមគ្នានេះ លោកប្រធានាធិបតីបេឡារុស ក៏បានលើកឡើងពាក់ព័ន្ធ លទ្ធភាពនៃការគំរាមកំហែងពីលោកខាងលិចផងដែរ។
លោក លូកាសិនកូ បាននិយាយយ៉ាងដូច្នេះថា «ពួកគេត្រូវតែយល់ឱ្យច្បាស់ថា ប្រសិនបើពួកគេហ៊ានបង្កបញ្ហាណាមួយមកលើពួកយើង នោះការឆ្លើយតបនឹងរហ័សជាទីបំផុត»៕