នគរបាលស្រុកឧដុង្គ ឃាត់ខ្លួនបុរសម្នាក់តាមដីកា ករណីគ្រឿងញៀន
ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី បានចាប់ខ្លួនជនត្រូវចោទម្នាក់តាមដីកាឲ្យចាប់ខ្លួន នៅចំណុចភូមិអណ្ដូងចំបក់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
នគរបាលបានឲ្យដឹងថា ជនត្រូវចោទ ឈ្មោះ ឡី ស៊ីថន ហៅ ង៉ែត ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិអណ្ដូងចំបក់ ឃុំវាលពង់ ស្រុកឧដុង្គ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០១ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ របស់លោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ បានបញ្ជូនជនត្រូវចោទទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕