រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនទទួលស្គាល់ការជ្រើសតាំងលោក សៀវ សុត ជាប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ និងមិនអនុញ្ញាតឱ្យរៀបចំសមាជ
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសមិនទទួលស្គាល់ការជ្រើសតាំងលោក សៀវ សុត ជាប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ និងមិនអនុញ្ញាតឱ្យគណបក្សខ្មែរស្រឡាញ់ជាតិ រៀបចំសមាជវិសាមញ្ញគណបក្សនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះទេ ដោយសារបំពាននឹងលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិតសម្តេចក្រឡាហោម ស ខេង ជម្រាបជូនលោក សៀវ សុត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។
យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ជម្រាបជូនលោក សៀវ សុត ថា ក្រសួងមហាផ្ទៃសម្រេចមិនទទួលស្គាល់ការជ្រើសតាំងលោក សៀវ សុត ជាប្រធានស្តីទីគណបក្ស និងមិនអនុញ្ញាតឱ្យគណបក្សខ្មែរស្រឡាញ់ជាតិ រៀបចំសមាជវិសាមញ្ញគណបក្សនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះឡើយ ដោយសារបំពាននឹងលក្ខខណ្ឌកំណត់ក្នុងប្រការ២១ ប្រការ២៥ ប្រការ២៦ ប្រការ២៧ ប្រការ២៨ និងប្រការ៣១ នៃលក្ខន្តិកៈ គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍ជាស្ថាប័នប្រតិបត្តិ ចាត់ចែង គ្រប់គ្រង និងអនុវត្តរាល់កិច្ចការរបស់គណបក្សខ្មែរស្រឡាញ់ជាតិ មានសមាសភាពចំនួន៨រូប ដែលក្នុង នោះមានសមាជិកអចិន្ត្រៃយ៍ចំនួន៧រូប បានសម្រេចលាឈប់ពីគណបក្សនេះជាលាយលក្ខណ៍អក្សររួចទៅហើយ។
គួរបញ្ជាក់ថា លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ និងថ្នាក់ដឹកនាំមួយចំនួនបានប្រកាសលាឈប់ពីគណបក្សខ្មែរស្រឡាញ់ជាតិ ចាប់ពីថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២២ នេះតទៅ។ ការប្រកាសលាឈប់នេះ ត្រូវបានលើកហេតុផលថា “មូលហេតុនៃការលាឈប់ពីគណបក្សខ្មែរស្រឡាញ់ជាតិ គឺ ដោយសារខ្ញុំមើលឃើញអំពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជា ពិសេសនៅថ្ងៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាផលប្រយោជន៍របស់ជាតិទាំងមូល”។ នេះបើយោងតាមសេចក្តីប្រកាសលាលែងរបស់លលោកជីវ កត្តា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
ជាមួយគ្នានេះ លោក ជីវ កត្តា បានអំពាវនាវអំពាវនាវឱ្យបងប្អូនកំពុងស្ថិតនៅក្នុងបក្សប្រឆាំងនាំគ្នាចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នា។ យោងតាមសេចក្តីថ្លែងការណ៍គណបក្សខ្មែស្រឡាញ់ជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា មូលហេតុ នៃការរំលាយគណបក្សខ្មែស្រឡាញ់ជាតិ គឺដោយសារខ្លួនមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍ និងអនាគត រុងរឿង ជាពិសេសកាលពីថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២២នេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរផលប្រយោជន៍របស់ជាតិជាធំ។ ដូច្នេះពុំមានហេតុផលណាមួយដែលយើងខ្ញុំនៅបន្តប្រឆាំងនឹងការដឹកនាំរបស់សម្ដេចតេជោ និងគណបក្សប្រជាជនតទៅទៀតទេ»។ នេះជាការបញ្ជាក់របស់គណបក្សខ្មែរស្រឡាញ់ជាតិ។ ជាមួយគ្នានេះ គណបក្សខ្មែស្រឡាញ់ជាតិ បានអំពាវនាវដល់សមាជិកគណៈកម្មាធិការនាយក និងសមាជិករបស់គណបក្សខ្មែស្រឡាញ់ជាតិ ដែលកំពុងស្ថិតនៅក្នុងបក្សប្រឆាំងនាំគ្នាចូលមករួមរស់ជាមួយគណបក្សប្រជាជន ដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នា។
គួររម្លឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះគណបក្សខ្មែរស្រឡាញ់ជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ គណបក្សខ្មែរស្រឡាញ់ជាតិ បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ គឺបន្ទាប់ពីក្រសួងមហាផ្ទៃអនុញ្ញាតឱ្យបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ ជាផ្លូវការកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។ ការអនុញ្ញាតនេះ គឺបន្ទាប់ពីបានដាក់ពាក្យ ស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០៕