បណ្ឌិត ហ៊ុន ម៉ាណែត៖ បេសកកម្មរួមរបស់បក្សប្រជាជន គឺបម្រើប្រជាជនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ពិសេស គឺការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជាឱ្យបានគង់វង្សតរៀងទៅ
ភ្នំពេញ៖ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដា បេសកកម្មរួមរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា គឺត្រូវបន្តការចូលរួមបម្រើប្រជាជនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ពិសេស គឺការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជាឱ្យបានគង់វង្សតរៀងទៅ។
ក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការការពារសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព បានសេចក្តីថា ជាគណបក្សតែមួយគត់ ដែលតែងបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជាតិ និងប្រជាជន ហើយជោគជ័យរបស់គណបក្សយើងកន្លងមកនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីភាពចាស់ទុំខាងនយោបាយ ដូច្នេះ យើងទាំងអស់គ្នាជាសមាជិក-សមាជិការបស់គណបក្ស ត្រូវបន្តការថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់គណបក្ស និងបន្តពង្រឹងកត្ដាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជានិច្ចនិរន្តរ៍។
ឯកឧត្តម បណ្ឌិតបញ្ជាក់ថា «ទន្ទឹមនឹងនេះ មោទនភាពនៃភាពជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិកន្លងមកនេះ គឺជាការផ្ដល់នូវភាពយុតិ្តធម៌ និងសច្ចធម៌យ៉ាងពិតប្រាកដរបស់ប្រជាជន ជូនចំពោះ សម្ដេចតេជោ ដែលបាន និងកំពុងខិតខំប្រឹងប្រែងធ្វើពលិកម្មគ្រប់បែបយ៉ាងទាំងអស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជន និងការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។ ឈរលើមូលដ្ឋាននេះ ជាបេសកកម្មរួមរបស់យើងទាំងអស់គ្នា គឺយើងត្រូវបន្តការចូលរួមបម្រើប្រជាជនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ពិសេស គឺការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជាឱ្យបានគង់វង្សតរៀងទៅ» ៕