ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ រយៈពេលជាង ៤០ ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ប្រទេសកម្ពុជាបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកស្មុគស្មាញជាទីបំផុត
ភ្នំពេញ៖ នៅក្នុងឳកាសអញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សារីយ៍ ១៣ ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្សឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ក្នុងរយៈពេលជាង ៤០ ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ប្រទេសកម្ពុជាបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកស្មុគស្មាញជាទីបំផុត នៅក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស ជាពិសេសការខិតខំពុះពារធ្វើយ៉ាងណាធានាឱ្យបានដាច់ខាតនូវបរិយាកាសនយោបាយមួយប្រកបដោយសន្តិភាព ស្ថិរភាព សន្តិសុខ និងរបៀបរៀបរយ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច។
ឯកឧត្ដមបន្តថា សមិទ្ធិផលជាតិសំខាន់ៗ ដែលសម្រេចបានកន្លងមកនេះ ពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមប្រកបដោយពលិកម្មដ៏ធំធេងរបស់កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែករបស់បញ្ជាការដ្ឋានអង្គរក្សក្នុងកិច្ចការការពារសន្តិសុខ និងសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីធានានូវលំនឹងស្ថិរភាព និងនិរន្តរភាពនៃការដឹកនាំប្រទេសជាតិ។
ជាក់ស្តែង អង្គភាពបញ្ជាការដ្ឋានអង្គរក្សតែងបានចូលរួមក្នុងការដោះស្រាយយថាហេតុផ្សេងៗនៅទូទាំងប្រទេស រួមមាន ជាអាទិ៍៖ ការបូមទឹកដាក់ស្រែជួយប្រជាពលរដ្ឋ, ការដឹកជញ្ជូនចែកចាយស្បៀងអំឡុងពេលកូវីដ-១៩, ការដឹកជញ្ជូនប្រជាពលករចំណាកស្រុកមកពីក្រៅប្រទេស, ការចុះទៅប្រមូលទិញផ្លែមៀន និងតាង៉ែននៅប៉ៃលិន, ជាពិសេសថ្មីៗនេះ ក៏បានចូលរួមផងដែរក្នុងការដាំដើមឈើនៅឧទ្យាន “ភ្នំតាម៉ៅ”។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបន្ថែមថា ទាំងនេះ គឺជាកិច្ចការស្នូលអាទិភាព ដែលកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវពេញទំហឹង ដើម្បីធានាបានទាំងស្រុងនូវសន្តិភាព ស្ថិរភាព និងសន្តិសុខស្ថិតស្ថេរយូរអង្វែង បម្រើឱ្យការកសាងឱកាសសម្រាប់អភិឌ្ឍជាតិ៕