សម្ដេច ទៀ បាញ់ អបអរសាទរ កីឡាការិនី កាំង មុយនីន ដែលទទួលបានមេដាយមាស ១គ្រឿង និងសំរឹទ្ធ ១គ្រឿង ក្នុង ការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅថៃ
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានផ្ញេីសារអបអរសាទរ កីឡាការិនី កាំង មុយនីន ដែកទទួល បានជ័យលាភី មេដាយ ២គ្រឿង មាស ១គ្រឿង លើ ប្រភេទ វិញ្ញាសារ Women 400m Bifins និង សំរឹទ្ធ ១គ្រឿង លើ ប្រភេទ វិញ្ញាសា Women 50m Bifins ក្នុង ការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅព្រះរាជាណាចក្រថៃ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេច ទៀ បាញ់ បានសរសេរថា «អបអរសាទរ កីឡាការិនី កាំង មុយនីន ទទួលបានមេដាយសរុប៤គ្រឿង ក្នុងនោះមេដាយមាស ៣គ្រឿង និងសំរឹទ្ធ១គ្រឿង លើប្រភេទវិញ្ញាសាហែលទឹកពាក់ជើងទានៃការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅប្រទេសថៃ ដែលបញ្ចប់នៅល្ងាចថ្ងៃអាទិត្យ ទី៤ខែកញ្ញា ឆ្នាំ២០២២នេះ។ ក្នុងព្រឹត្តិការណ៍នេះមាន១៧ប្រទេសចូលរួមប្រកួតប្រជែង ដោយមានកីឡាករ កីឡាការិនីសរុបចំនួន ២៣០នាក់»។
សមាគមកីឡាក្រោមទឹកប្រទេសថៃ (Association of Thailand Underwater Sports) បានអញ្ជើញសហព័ន្ធខ្មែរកីឡាហែលទឹក ទៅចូលរួមការប្រកួត Finswimming’s World Cup Round Swimming Pool 2022 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ។
រហូតមកដល់ពេលនេះ ចំនួនមេដាយទាំងអស់ដែល កីឡាការិនី កាំង មុយនីន របស់កម្ពុុជាយើងទទួលបានពីការប្រកួតនេះ គឺមានចំនួន ៤គ្រឿង រួមមាន មេដាយមាស ៣គ្រឿង និងមេដាយ សំរឹទ្ធ ១គ្រឿងក្នុងការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅព្រះរាជាណាចក្រថៃ៕