ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា ញឹម តេង ម្ដាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណប្រតិភូរបស់ក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា ញឹម តេង ដែលត្រូវជាម្ដាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលមរណភាព នាវេលាម៉ោង ១:៤០នាទីរសៀល ថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ មហាឧបាសិកា ញឹម តេង ដែលនេះជាការបាត់បង់ម្ដាយ ម្ដាយក្មេក ជីដូន ជីទួត ប្រកបដោយព្រហ្មវិហារធម៌ និងជាពុទ្ធសាសនិកមួយរូបដែលបានបូជាអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការរួមចំណែកលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាយ៉ាងច្រើន ដើម្បីបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិ។
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ញឹម តេង សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕