Meta កំពុងប្រឈមនឹងការផាកពិន័យចំនួន ៤០២លានដុល្លារ នៅសហភាពអឺរ៉ុប
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Politico កាលពីពេលថ្មីៗនេះបានឱ្យដឹងថា គណៈកម្មការការពារទិន្នន័យរបស់ប្រទេសអៀរឡង់ បានធ្វើការផាកពិន័យក្រុមហ៊ុន Meta ជាទឹកប្រាក់ចំនួន ៤០២លានដុល្លារ ទាក់ទងទៅនឹងការកំណត់ឯកជនភាពរបស់កុមារនៅលើកម្មវិធីទំនាក់ទំនងសង្គម Instagram។ ពួកគេបានចោទប្រកាន់ក្រុមហ៊ុនថា មិនបានអនុវត្តទៅតាមបទប្បញ្ញត្តិការពារទិន្នន័យទូទៅរបស់អឺរ៉ុប ដែលហៅកាត់ថា GDPR។
ក្រុមហ៊ុនក៏ត្រូវរងការចោទប្រកាន់ថាមិនបានធ្វើការកំណត់ឱ្យបានត្រឹមត្រូវក្នុងការការពារទិន្នន័យឯកជនភាពរបស់កុមារមានដូចជា ការចែកចាយរូបភាពរបស់កុមារ និងបានបង្ហាញអាសយដ្ឋានអ៊ីមែល និងលេខទូរសព្ទរបស់កុមារជាសាធារណៈ។
អាជ្ញាធរក៏កំពុងតែធ្វើការស៊ើបអង្កេតទាក់ទងទៅនឹងគោលការណ៍របស់ Instagram ដែលកំណត់ឱ្យគណនីថ្មីទាំងអស់ រួមទាំងគណនីរបស់មនុស្សវ័យជំទង់អាចមើលឃើញបានជាសាធារណៈ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា ពួកគេបានធ្វើការកែសម្រួលការកំណត់នេះរួចមកហើយកាលពីឆ្នាំកន្លងទៅ។
ទោះបីជាការប្រើប្រាស់កម្មវិធីទំនាក់ទំនងសង្គមធ្វើឱ្យមានការងាយស្រួលក្នុងការទំនាក់ទំនងក្ដី ប៉ុន្តែអាណាព្យាបាលគួរតែមានការប្រុងប្រយ័ត្នជាមួយនឹងកុមារដែលកំពុងតែប្រើប្រាស់កម្មវិធីនេះ ព្រោះជនខិលខូចតែងតែឆ្លៀតឱកាស ដើម្បីលួងលោមនិងអូសទាញពួកគេឱ្យដើរចូលទៅផ្លូវមិនល្អ ដែលនាំឱ្យខាតបង់ប្រាក់កាស និងការរៀនសូត្រទៅវិញ៕