ព្រះករុណាព្រះបាទអង្គដួង ស្ថាបនិកនៃពិធីបុណ្យភ្ជុំបិណ្ឌ
ពិធីបុណ្យភ្ជុំបិណ្ឌបានកើតឡើងក្នុងរជ្ជកាលនៃ ព្រះករុណាព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គដួង (ព្រះបរមកោដ្ឋ)។ ដោយហេតុថាទ្រង់មានការរឭកដល់ស្នាព្រះហស្តព្រះរាជបុព្វបុរស និងកងទ័ពខ្មែរដែលពុះពារពលីជីវិត ការពារជាតិមាតុភូមិ លុះទទួលមរណកាលទៅគ្មានបងប្អូន ញាតិមិត្តណាមួយរឭកនឹកដល់ទើបទ្រង់ចាត់ឱ្យមានពិធីបុណ្យដាក់បិណ្ឌ ដោយយកបុរាណរាជបវេណី បូកនិងពុទ្ធសាសនាផង ក៏កើតចេញជាបុណ្យភ្ជំបិណ្ឌនេះឡើង។
ពាក្យថា «ភ្ជុំបិណ្ឌ» មកពីពាក្យ «ភ្ជុំ» រួមគ្នាជាមួយពាក្យ «បិណ្ឌ» ដែលមានន័យថា ភ្ជុំគឺការ ប្រមូលផ្តុំ ឬប្រជុំបិណ្ឌ មកពីភាសាបាលី «ដុំបាយ» ដូច្នេះ អាចសម្គាល់ពាក្យនេះតាមវិធីងាយបានថា គឺជាការប្រជុំឬប្រមូលផ្តុំដុំបាយ ការពូតដុំបាយជាដុំៗ ដែលយើងហៅថាបាយបិណ្ឌ ។
នៅក្នុងរយៈពេល១៤ថ្ងៃនៃការកាន់បិណ្ឌឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិ សេសក្រុមនីមួយៗ ដែលបានរៀបចំជាក្រុម ដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ៣ ឬ ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា៣ទៅ៤ឆ្នាំង ស្មើនឹង៣ ទៅ៤មុខម្ហូប។
ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេនត្រូវជ្រើសរើស យកផ្ទះណាមួយ ដើម្បីប្រមូលនំនែករៀបចំបាយបិណ្ឌបាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្ត ស្ដាប់លោកសូត្រថ្វាយបង្គំធម៌សុខោ និងធម៌បរាភវសូត្រ។
សម្រាប់ឆ្នាំ២០២២នេះ កម្ពុជាប្រារព្ធបុណ្យកាន់បិណ្ឌនេះ ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទ គឺចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២២៕
រាក្សាសិទ្ធដោយ៖ ព្រះអង្គម្ចាស់ស៊ីសុវត្ថិចាក់ក្រីនុពល