កម្ពុជា-ថៃ រៀបចំពិធីសំណេះសំណាលពិភាក្សា ដើម្បីចងសម្ព័ន្ធ មេត្រីភាព ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ
ភ្នំពេញ៖ ដើម្បីចងសម្ព័ន្ធមេត្រីភាពក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីមាននៃជំងឺកូវីដ-១៩ បានធូរស្រាលនោះ កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងមន្ទីរពាណិជ្ជកម្មខេត្ត ស្រះកែវនិងមានការញ្ជើញចូលរួមកិច្ចពិភាក្សារវាងសភាពាណិជ្ជកម្ម និងសហគ្រិនវ័យក្មេងទាំងពីរភាគីប្រទេស ក្នុងគោលបំណងពង្រឹងពង្រីកពង្រឹងកិច្ចប្រតិបត្តិការឲ្យបានល្អប្រសើរឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩ លើវិស័យពាណិជ្ជកម្មនិងវិនិយោគផ្លាស់ប្តូរផលិតផលទំនិញផ្សេងផ្សេង ។
លោក ប៊ុក ឡាយជី ជាប្រធានមន្ទីរពាណិជ្ជកម្ម បន្ទាយមានជ័យបានលើកឡើងថា ក្រោយវិបត្តិជំងឺកូវីដ-១៩ រយៈកាលកន្លងមកសម្រាប់ ខេត្តបន្ទាយមានជ័យ ក៏ដូចជាទូទាំងប្រទេសកម្ពុជាទាំងមូល បញ្ហាសេដ្ឋកិច្ចលើគ្រប់វិស័យកំពុងមានការកើនឡើង គួរជាទីមោទនហើយសម្រាប់ខេត្តបន្ទាយមានជ័យ មានសក្ដានុពលសម្រាប់ធ្វើការវិនិយោគដោយមានរោងចក្រចំនួន១៩ តាមតំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្មរួមមានតំបន់សេដ្ឋកិច្ចពិសេសអូនាងក្រុងប៉ោយប៉ែតមាន៦រោងចក្រ តំបន់សេដ្ឋកិច្ចពិសេសសានកូក្រុងប៉ោយប៉ែតមាន១១ រោងចក្រតំបន់សួនឧស្សាហកម្មស៊ីសុផុនក្រុងសិរីសោភ័ណ មាន២រោងចក្រដែលមានរោងចក្រទាំងអស់កំពុងដំណើរការ។
លោក ប៊ុកឡាយជីបានបន្តថា ទំហំនៃការនាំចេញកសិផល ចេញពីប្រទេសកម្ពុជាទៅប្រទេសថៃសម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ កសិផលនាំចេញគិតជាប្រាក់មានចំនួន ១៩៤,៤០០,០០លានដុល្លារសហរដ្ឋអាមេរិក(១៩៤លាន៤០ម៉ឺនដុល្លា)។ចំណែកនៃការនាំចូលទំនិញគ្រប់ប្រភេទរបស់ប្រទេសថៃមកកម្ពុជាវិញនោះគឺមានទំហំធំបើគិតជាទឹកប្រាក់ដ៏ច្រើនលើសលប់។
ដូច្នេះក្នុងនាមមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ សំណូមពរភាគីទាំងពីរ បន្តជំរុញគាំទ្រដល់ការអភិវឌ្ឍចំណេះដឹង ដល់បុគ្គលិកពាក់ព័ន្ធផ្នែកពាណិជ្ជកម្មការវិនិយោគ និងបង្កើនជំនាញក្នុងការកែលម្អគុណភាពផលិតផល និងសេវាកម្មព្រមទាំងជំរុញសកម្មភាពចរចាពាណិជ្ជកម្ម រៀបចំពិព័រណ៍ពាណិជ្ជកម្មដើម្បីឲ្យបានជាប្រយោជន៍ ដល់ប្រទេសទាំង០២។
ជាការឆ្លើយតប ក្នុងកិច្ចពិភាក្សានេះផងដែរលោកស្រី ណងយ៉ាវ ស៊ីផាន់ថាមីត ដែលប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្រះកែវ ក៏បានថ្លែងនូវអំណរគុណនិងកោតសរសើរដោយស្មោះចំពោះមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ក៏ដូចជាសភាពាណិជ្ជកម្មព្រមទាំងសហគ្រិនវ័យក្មេង ដែលបានរួមសហការនិងប្រតិបត្តិការ បានល្អប្រសើរចំពោះការវិនិយោគផ្លាស់ប្តូរទំនិញគ្រប់ប្រភេទ ដល់ប្រទេសទាំង០២ ឲ្យមានសេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត។
លោកស្រី បន្តថា នឹងគាំទ្រការគ្រប់គ្រង និងផ្លាស់ប្តូរព័ត៌មាន ឲ្យគ្នាទៅវិញទៅមក និងបន្តពង្រឹងនិងគាំទ្រកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មវិនិយោគទេសចរណ៍ និងសេវាកម្មទេសចរណ៍ ដែលភាគីទាំង០២បានព្រមព្រៀងជួបសំណេះសំណាលពិភាក្សាជជែកគ្នារយៈពេលបីខែម្ដងនោះ ដើម្បីពង្រឹងលើការងារប្រតិកម្មឲ្យមានភាពល្អប្រសើរសម្រាប់ប្រទេសទាំង០២កម្ពុជា-ថៃ៕