លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំ សិក្ខាសាលារបស់ក្រុមសភានិយាយភាសាបារាំង
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលារបស់ក្រុមសភានិយាយភាសាបារាំង ក្រោមអធិបតីភាព លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ព្រមទាំងមានការចូលរួមពីលោកជំទាវ ឯកឧត្តម សមាជិកា សមាជិកព្រឹទ្ធសភា រដ្ឋសភា និងក្រុមការងារលេខាធិការដ្ឋានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំងជាច្រើនរូបផ្សេងទៀត។
សមាសភាពសមាជិការដ្ឋសភាអញ្ជើញចូលរួមមាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ លោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការទី៦ លោកជំទាវ ត្រឹង ថាវី អនុប្រធានគណៈកម្មការទី១០ និងលោកជំទាវ ម៉ាណ ណាវី ។
កិច្ចប្រជុំមានគោលដៅធ្វើការប្រមូលធាតុចូលដើម្បីរៀបចំសិក្ខាសាលា ស្តីពី “ស្វ័យភាពសេដ្ឋកិច្ចរបស់ស្រ្តីនៅតំបន់ជនបទ” និង ស្តីពី “ការចរចា និងសន្ធានកម្មក្នុងក្របខ័ណ្ឌការងារសភា” ដែលនឹងអញ្ជើញគណៈប្រតិភូសភា ពីបណ្តាប្រទេសនិយាយភាសាបារាំង និងអង្គការដៃគូជាតិ និងអន្តរជាតិចូលរួម។
ក្នុងនាមគណៈកម្មការទី៨ ដែលទទួលបន្ទុកវិស័យកិច្ចការនារី និងក្នុងនាមលោកជំទាវផ្ទាល់ជា អនុប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយស្រ្តី និងជាឯកអគ្គរាជទូតនៃបណ្តាញអ្នកដឹកនាំនយោបាយស្រ្តី លោកជំទាវបានបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តចំពោះគំនិតផ្តួចផ្តើមរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាក្នុងការរៀបចំសិក្ខាសាលាថ្នាក់តំបន់នេះ ទីមួយដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនិយាយភាសាបារាំងដែលមានលក្ខណៈជាប្រពៃណីផង ក៏ដូចជាដើម្បីលើកមុខមាត់កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យមួយ ដែលមានសិទ្ធិស្មើមុខស្មើមាត់ក្នុងការដឹកនាំការងារតំបន់ និងអន្តរជាតិ ជាពិសេសការបង្ហាញសមត្ថភាពរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសភា អ្នកដឹកនាំនយោបាយស្រ្តីរបស់កម្ពុជា មិនត្រឹមតែសម្រាប់គណៈប្រតិភូសភាដែលចូលរួមប៉ុណ្ណោះទេ តែក៏សម្រាប់ផ្សព្វផ្សាយទៅកាន់សារព័ត៌មានជាតិ និងអន្តរជាតិផងដែរ ៕