លោកជំទាវ ឡោក ខេង ជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន សង្កាត់ច្បារអំពៅទី២ ធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានជួបប្រជុំពិភាក្សាការងារជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ច្បារអំពៅទី២ នៅសាលប្រជុំសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ ជម្រុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវធ្វើបញ្ជីឈ្មោះ បងប្អូនប្រជាពលរដ្ឋដែលបាត់អត្តសញ្ញាណប័ណ្ណ ឬមិនទាន់មាន និងកូនៗប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ និងកូនៗមានកំណើតនូវថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០០៥ ត្រូវត្រៀមចុះឈ្មោះបោះឆ្នោត នៅខែតុលាខាងមុខនេះ។
លោកជំទាវបានបន្តទៀតថាអាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះ៖
-អ្នកមិនទាន់មានប័ណ្ណស្នាក់នៅ ឬបាត់
-ពង្រឹងការងារស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋក្រីក្រដែលនៅក្នុងគ្រួសារ
-មានមនុស្សចាស់អាយុ៦០ឆ្នាំឡើង
-មានកូនអាយុ១៨ឆ្នាំចុះ
-មានអ្នកពិការ
-មានអ្នកផ្ទុកមេរោគអេដស៏
-ស្ត្រីមេមាយ ។
លោកជំទាវបានបន្ថែមថា អាជ្ញាធរត្រូវត្រួតពិនិត្យ ដោះស្រាយលើជីវភាពខ្វះខាតនានារបស់បងប្អូនក្រីក្រក្នុងមូលដ្ឋាន កុំអោយបងប្អូនណាម្នាក់ដាច់បាយឬមានបញ្ហាដែលយើងមិនបានដឹង ។ ជាមួយនេះ លោកជំទាវ ឡោក ខេង បានផ្តល់ជូនអង្ករផ្កាខ្ចីចំនួន ១២០០គីឡូក្រាមដើម្បី ទុកដោះស្រាយជាប្រចាំផងដែរ ៕