ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមពិធីបើកការប្រកួត “វោហារឆ្នើម បន្ទាយមានជ័យ” នៅសាលសាកលវិទ្យាល័យជាតិមានជ័យ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អមដំណើរ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ អញ្ជើញចូលរួមពិធីបើកកម្មវិធី “វោហារឆ្នើម បន្ទាយមានជ័យ” នៅសាលសាកលវិទ្យាល័យជាតិមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ។
កម្មវិធីវោហារឆ្នើម ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ផ្តល់ឱកាសដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យ ចាប់ពីថ្នាក់ទី១០ ដល់ទី១២ បានបង្ហាញភាពក្លាហាន និងបញ្ចេញសមត្ថភាពដើម្បីចូលរួមប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ ដែលមានលក្ខណៈជាបុគ្គល និងជាក្រុម៕