មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយឧត្ដមសេនីយឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់អតីតយុទ្ធជន និងពលរដ្ឋក្រីក្រ ៥គ្រួសារ ក្នុងស្រុកបរិបូណ៌
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារមនុស្សធម៌របស់អង្គភាព នាំយកអង្ករគ្រឿងឧបភូមិបរិភោគ សម្ភារៈ សំលៀកបំពាក់ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់អតីតយុទ្ធជនពិការ និងប្រជាពលរដ្ឋក្រីក្រចំនួន ៥គ្រួសារ នៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ ។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលស្រុក ក៏បាននាំយកថវិការបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ចំនួន ៥០ម៉ឺនរៀល ចូលរួមឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ទាំង៥គ្រួសារ ផងដែរ ។
ស្ថិតក្នុងឱកាសនេះ លោកមេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏ដូចជាឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំង៥គ្រួសារ ។
លោកមេបញ្ជាការ បានបញ្ជាក់ថា សម្តេចតេជោ ប្រធានសមាគម ព្រមទាំង ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ទីណាមានបងប្អូនអតីតយុទ្ធជនជួបការលំបាក ទីនោះតែងមានការជួយឧបត្ថម្ភរបស់ សម្តេចតេជោ និង ឯកឧត្តម ហ៊ុន ម៉ាណែត ជានិច្ច ។
បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ទាំង៥គ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឯកឧត្តម អភិបាលខេត្ត ព្រមទាំង ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលស្រុក និងក្រុមការងារដែលបានយកចិត្ដទុកដាក់គិតគូរអំពីសុខទុក្ខរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលជួបការលំបាក