ឯកឧត្តម សួន រិនឌី អញ្ជើញចូលរួមកាន់បិណ្ឌ នៅវត្តសារាវ័នតេជោ និងវត្តស្រះចក រាជធានីភ្នំពេញ
ឯកឧត្តម សួន រិនឌី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាលេខាធិការគណៈកម្មការទី១ នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៤ នៅវត្តសារាវ័នតេជោ និងវត្តស្រះចក ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម សួន រិនឌី និងក្រុមគ្រួសារបានបូជាទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចបទនមស្ការ ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មាន មាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន ផងដែរ។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យសាសនាធំប្រចាំឆ្នាំ ដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ។ ក្នុងរយៈពេល១៥ថ្ងៃនេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិសន្តាន ដែលបានចែកឋានទៅហើយ ឬនៅរស់រានមានជីវិតក្តី ៕