អភិបាលខេត្តបន្ទាយមានជ័យ ប្រជុំផ្សព្វផ្សាយស្តីពីការចាត់តាំងអនុវត្តផែនការ ប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ
ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២២ម្សិលមិញ បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការស្តីពីការចាត់តាំងអនុវត្តផែនការ ប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការចូលរួមពីសំណាក់លោក-លោកស្រី មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីការពារកិត្តិយស កិត្យានុភាព ផលប្រយោជន៍ជាតិ ដោយចាត់វិធានការម៉ឺងម៉ាត់ក្នុងការ ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ជាពិសេសលើស្រ្តីនិងកុមារឱ្យមានប្រសិទ្ធភាព។ ប្រមូលផ្ដុំកិច្ចសហការគ្រប់សមត្ថកិច្ចពាក់ព័ន្ធក្នុងការពង្រឹងស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម បង្កើតនូវបរិយាកាសសង្គមឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កលក្ខណៈសម្បត្តិ សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជំរុញដល់គ្រប់ភាគី ពាក់ព័ន្ធ ទាំងអស់ជុំវិញខេត្ត បន្តធ្វើការការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ដល់សាធារណជន ទូទៅឱ្យបានកាន់តែសកម្មផុលផុស ដើម្បីចូលរួមអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ពង្រឹងវិធានការគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពរបស់បណ្តាទីភ្នាក់ងារជ្រើសរើសឯកជន (ក្រុមហ៊ុនជ្រើសរើសពលករ) ដើម្បីតម្រង់ទិសអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍របស់រាជរដ្ឋាភិបាល កម្ពុជា និងទប់ស្កាត់កុំឱ្យកើតមានសកម្មភាពល្មើសនានាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស បើមានត្រូវចាត់វិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់។
ឯកឧត្តម ក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរកបទល្មើសគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ បទល្មើសបង្ខាំង មនុស្សខុសច្បាប់ ចាប់ជំរិតមនុស្សទារប្រាក់ បទល្មើសអន្តោប្រវេសន៍ និងបទល្មើសផ្សេងៗទៀត ដើម្បីបង្ក្រាប ចាប់ខ្លួនមេខ្លោង និងបក្ខពួកផ្តន្ទាទោសតាមច្បាប់ និងសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា បើទោះជាខេត្តបន្ទាយមានជ័យ មិនទាន់ករណីបទល្មើសបង្ខាំង មនុស្សខុសច្បាប់ ចាប់ជំរិតមនុស្សទារប្រាក់ក៏ដោយ៕