ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ
ភ្នំពេញ៖ នៅក្នុងឱកាសអមដំណើរ សម្តេចប្រធានរដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Vongsack Phanthavon ប្រធានក្រុមមិត្តភាពរដ្ឋសភាឡាវ-កម្ពុជា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា និងឡាវ ឱ្យកាន់តែស៊ីជម្រៅឡើង។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម Vongsack Phanthavon បានថ្លែងអំណរគុណចំពោះក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ដែលបានផ្តល់អាហាររូបករណ៍ដល់មន្រ្តីរដ្ឋសភាឡាវ ឱ្យបានមកសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅសាលាឯកជនក្នុងប្រទេសម្ពុជា ដែលសរុបក្នុងមួយឆ្នាំមានចំនួន១០នាក់ នៅក្នុងនោះមាន៥នាក់ បានសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិកម្ពុជា។
ឯកឧត្តម ឡូយ សុផាត បានថ្លែងអំណរគុណចំពោះរដ្ឋសភាឡាវ ដែលបានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតជូនដល់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាឱកាសនេះ៕