ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយ ប្រធានគណៈកម្មការកិច្ចការបរទេស រដ្ឋសភាឡាវ
ភ្នំពេញ៖ នៅក្នុងឱកាសអមដំណើរ សម្តេចប្រធានរដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sanya Praseuth ប្រធានគណៈកម្មការកិច្ចបរទេសនៃរដ្ឋសភាឡាវ ដើម្បីចែករំលែកផ្លាស់ប្តូរបទពិសោធន៍ នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។
ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណចំពោះរដ្ឋសភាឡាវ ដែលបានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតជូនដល់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាឱកាសនេះ។
នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទំាងពីរបានពិភាក្សាគ្នាលើបញ្ហាមួយចំនួនដូចជា ការរៀបចំទទួលស្វាគមន៍របស់ភាគីកម្ពុជា ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ ដឹកនាំដោយ ឯកឧត្តមប្រធានរដ្ឋសភា ដែលនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាខែវិច្ឆិកាខាងមុខ និងការពិភាក្សាលើគម្រោងរៀបចំកម្មវិធីកិច្ចប្រជុំប្រធានរដ្ឋសភាCLV លើកដំបូង នៅប្រទេសឡាវ ក្នុងឆ្នាំ២០២៣ និងកិច្ចសហប្រតិបត្តិការលើការងារទំនាក់ទំនងអន្តរជាតិមួយចំនួនទៀត។
ឆ្លៀតនៅក្នុងឱកាសនេះ ភាគីឡាវបានស្នើសុំភាគីកម្ពុជា បណ្តុះបណ្តាលមន្រ្តីរដ្ឋសភារបស់ខ្លួនប្រមាណជាង២០នាក់ លើការងាររៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ផងដែរ៕