លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ វ៉ាក់សាំងដែលកម្ពុជា កំពុងប្រើប្រាស់ គឺមិនមានហួសសុពលភាពនោះទេ
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់គឺជា ប្រភេទវ៉ាក់សំាងដែលមានសុពលភាព និងមានប្រសិទ្ធភាព ព្រោះកម្ពុជាមិនយកវ៉ាក់សំាងដែលហួសសុពលភាពទៅចាក់ជូន ប្រជាពលរដ្ឋឡើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក- ១៩) បានបញ្ជាក់ថា វ៉ាក់សាំង គឺជាឧបករណ៍មួយដែលជួយសង្គ្រោះអាយុជីវិត របស់មនុស្ស ម្នាក់ៗពីជំងឺកូវីដ១៩ ហើយបើតាមការសិក្សារបស់អ្នកវិទ្យាសាស្ដ្របានបង្ហាញជាបន្ដបន្ទាប់ នូវប្រសិទ្ធភាពនៃការចាក់ដូសជំរុញ ហើយការចាក់ដូសជំរុញនេះ ដែលមានប្រសិទ្ធភាពល្អខ្លាំងនោះ គឺការប្រើប្រាស់នូវប្រភេទវ៉ាក់សាំងខ្វែងគ្នា។ លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿតាមការឃោសនាអកុសលណាមួយរបស់ក្រុមអគតិ មួយចំនួន ពាក់ព័ន្ធចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពិសេសការចាក់ដូសជំរុញនេះតែម្ដង។
លោកជំទាវបន្ថែមថា ចំពោះការឃោសនាអកុសលនានាពាក់ព័ន្ធរឿងនេះ មិនមែនទើបតែកើតឡើងនោះទេ ពោលចាប់តាំងពីដំបូងនៅពេលដែលកម្ពុជាផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋមកម្ល៉េះ។
លោកជំទាវបញ្ជាក់ទៀតថា បច្ចុប្បន្ននេះកម្ពុជានៅប្រើប្រាស់វ៉ាក់សាំង P-fizer ដែលជាជំនួយតាមរយៈយន្ដការកូវ៉ាក់ ក្នុងនោះមានទាំងសម្រាប់កុមារ ហើយបច្ចុប្បន្នកម្ពុជាប្រើប្រាស់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនេះ គឺជាវ៉ាក់សាំងដែលនៅមានសុពលភាព និងមានប្រសិទ្ធភាព ដោយមិនដែលប្រើប្រាស់នូវវ៉ាក់សាំងណាដែលហួសសុពលភាពនោះទេ ហើយកម្ពុជាក៏គ្មានវ៉ាក់សាំងដែលហួសសុពលភាពនោះដែរ។ «យើងបានហាមដាច់ខាត សម្តេចតេជោនាយករដ្ឋមន្ត្រីលោកបានណែនាំដ៏ខ្ពង់ខ្ពស់រួចទៅហើយមិនអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងដែលហួសសុពលភាពដើម្បីចាក់ជូនប្រជាពលរដ្ឋនោះទេ ប៉ុន្តែមកដល់បច្ចុប្បន្ននេះក្រោយចាប់តាំងពីមានយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩កាលពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមិនទាន់មានវ៉ាក់សាំងណាហួសសុពលភាពនោះទេ។ ដូច្នេះខ្ញុំសូមបញ្ជាក់ហើយបញ្ជាក់ទៀត គឺយើងមានតែចាក់អស់មុនការ ហួសសុពលភាពរបស់វាទៀត អ៊ីចឹងបច្ចុប្បន្ននេះយើងនៅសល់វ៉ាក់សាំងមួយចំនួនក្នុងដៃ ដែលយើងត្រូវបន្តជំរុញការចាក់ ទាន់សុពលភាពវានៅជាងប៉ុន្មានខែទៅមុខទៀត។»
ក្នុងឱកាលនោះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានក្រើនរំលឹកម្តងហើយ ម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលការចាក់វ៉ាកសាំងរូចដែលមានរយៈពេល៣ខែឡើងទៅ គឺអាចទៅទទួលវ៉ាក់សំាងដូសបន្ទាប់បាន ព្រោះអង់ទីគ័រនៅក្នុងសរីរាង្គកាយ គឺមានប្រសិទ្ធភាពគឺមានរយៈពេលចាប់ពី៣ខែឡើងទៅ នោះភាពស៊ាំនៅក្នុងសរីរាង្គនឹងចាប់ផ្ដើមចុះជាបណ្ដើរៗដោយយូរបំផុតត្រឹមរយៈ៨ខែ អង់ទីគ័រនឹងអស់តែម្តង ដែលធ្វើឱ្យការឆ្លងក៏ដូចជាការវាយលុកពីវីរុសកូវីដ១៩ មានលទ្ធភាពកាន់តែលឿន ពិសេសពពួកវីរុសប្រភេទអូមីក្រុងបំប្លែងថ្មី។
ក្នុងនោះដែរលោកជំទាវ ក៏ណែនាំដល់អនុគណៈកម្មការចំពោះកិច្ចរាជធានី-ខេត្ត ត្រូវជំរុញបន្ថែមទៀត ក្នុងការកៀរគរប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូសជំរុញ ហើយត្រូវរៀបចំក្រុមគ្រូពេទ្យដើម្បីចុះចាក់វ៉ាក់សាំង ឬណែនាំប្រជាពលរដ្ឋឱ្យមកទទួលយកវ៉ាក់សាំងនៅតាមមូលដ្ឋានសុខាភិបាល ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកជាដើម៕ ប្រភព៖ ក្រសួងព័ត៌មាន