ចិនដាក់ទណ្ឌកម្មលើថៅកែអ្នកម៉ៅការអាវុធអាមេរិក
ទីក្រុងប៉េកាំង÷កំពុងដាក់ទណ្ឌកម្មផ្ទាល់ខ្លួនលើនាយកប្រតិបត្តិនៃក្រុមហ៊ុនយក្សផលិតអាវុធអាមេរិកចំនួនពីរ ជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ពីរសប្តាហ៍បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសកញ្ចប់អាវុធចំនួន ១.១ ពាន់លានដុល្លារដល់កោះនេះ ដែលជាកិច្ចព្រមព្រៀងដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក និងតៃវ៉ាន់ក្រោមការគ្រប់គ្រងរបស់លោក Joe Biden ។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Mao Ning បានពន្យល់ថា ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកទៅកោះនេះ “បំពានយ៉ាងធ្ងន់ធ្ងរ” នូវគោលនយោបាយ “ចិនតែមួយ” និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងសហរដ្ឋអាមេរិក និងចិន។
យោងតាម Reuters ក្រុមហ៊ុន Boeing គឺជាអ្នកម៉ៅការសំខាន់សម្រាប់មីស៊ីលប្រឆាំងនាវា Harpoon និង Raytheon សម្រាប់មីស៊ីលពីអាកាសទៅអាកាស Sidewinder និងឧបករណ៍ប្រព័ន្ធរ៉ាដា។
Raytheon រួមជាមួយនឹងក្រុមហ៊ុន Lockheed Martin បានទទួលរងនូវទណ្ឌកម្មរបស់ចិនចាប់តាំងពីខែកុម្ភៈ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានប្រកាសលក់ប្រព័ន្ធមីស៊ីល Patriot ដែលមានតម្លៃ ១០០ លានដុល្លារដល់ទីក្រុងតៃប៉ិ។