ស្លាប់ ៣នាក់ ដោយសាររថយន្តបើកបុក នៅលើផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែង!
ពោធិសាត់៖ មនុស្សប្រុសស្រី ៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុគួរអោយសង្វេក កាលពីថ្ងៃទី១៨ កញ្ញា ដោយសាររថយន្តបង្កម៉ាកតូយូតាពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BB2209 បានបើកបរក្នុងល្បឿនយ៉ាងលឿនហើយទៅបុកនឹងម៉ូតូរបស់ជនរងគ្រោះដែលកំពុងជិះឌុបគ្នា ៣ នាក់ស្របទិសគ្នា ស្ថិតនៅចំនុចទួលកកោះ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់លើកំណាត់ផ្លូវជាតិលេខ ៥៥ ។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកវាលវែងបានអោយដឹងថា ទាំងរថយន្តបង្ក និង ម៉ូតូជនរងគ្រោះបានធ្វើដំណើរស្របទិសគ្នាពីកើតទៅលិច
លុះមកដល់ចំនុចកើតហេតុរថយន្តបង្កក៍បានបុកទៅលើម៉ូតូជនរងគ្រោះពេញទំហឹងតែម្តងបណ្តាលអោយរថយន្តធ្លាក់ផ្លូវទៅមុខមិនរួច អ្នកបើកបរក៍បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្ត ម៉ូតូ និង សាកសពជនរងគ្រោះ ៣ នាក់នៅនឹងកន្លែងកើតហេតុ។
របាយការណ៍ដដែលក៍បានអោយដឹងទៀតថា ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នោះមាន ១ -ឈ្មោះម៉ុង រី ភេទស្រី អាយុ ៣៨ ឆ្នាំ(អ្នកបើកបរម៉ូតូ) ២ -ឈ្មោះឈួន មុំ ភេទស្រីអាយុ ២៨ ឆ្នាំ(អ្នករួមដំណើរ) និង ទី ៣ ឈ្មោះម៉ុង វណ្ណថា ភេទប្រុសអាយុ ៦ ឆ្នាំ(កូនតូចរួមដំណើរជាមួយ)ជនរងគ្រោះទាំង ៣ នាក់រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់។
ក្រោយកើតហេតុ មន្ត្រីនគរបាលជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពទាំង ៣ នាក់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក និង ម៉ូតូបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់ ៕