ចិន កោតសរសើរចំពោះការអភិវឌ្ឍលើគ្រប់វិស័យ ដែលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម លីវ ជានឆាវ (LIU JIANCHAO) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន បានធ្វើការកោតសរសើរចំពោះការអភិវឌ្ឍលើគ្រប់វិស័យ ដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
នៅក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល កាលពីថ្ងៃទី២៥ ខែសីហា ឯកឧត្តម លីវ ជានឆាវ បានជម្រាបជូនថា គោលបំណង នៃទស្សនកិច្ចនេះ គឺដើម្បីពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍលើគ្រប់វិស័យដែលប្រទេសកម្ពុជា សម្រេចបានក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម បានធ្វើឱ្យជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា កាន់តែល្អប្រសើរ និងតួនាទីរបស់កម្ពុជា លើឆាកអន្តរជាតិ កាន់តែត្រូវបានលើកកម្ពស់។ ភាគីមិត្ត បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាចំពោះភាពជាម្ចាស់ និងមាគ៌ាដឹកនាំរបស់ខ្លួន ក្នុងការការពារសន្តិភាព អធិបតេយ្យភាព និងការអភិវឌ្ឍ ដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ៕