ឯកឧត្តម ឈាង រ៉ា និងឯកឧត្តម ម៉ម ប៊ុនហេង អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១១ នៅវត្តសុវណ្ណមុនីសាគរសំរោងអណ្តែត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ព្រមទាំងរដ្ឋបាលខណ្ឌសែនសុខ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តសុវណ្ណមុនីសាគរសំរោងអណ្តែត ដែលស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានវេរចង្ហាន់បិណ្ឌបាត ទេយ្យវត្ថុចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់មាតា បិតា ជីដូន ជីតា បុព្វបុរសដែលបានទទួលមរណកាលទៅ។
តាមរយៈពិធីកាន់បិណ្ឌនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សូមជូនមគ្គផល កុសលផលបុណ្យ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់ៗរូប ដែលលោកកំពុងបំពេញភារកិច្ចរៀងៗខ្លួនយ៉ាងសស្រាក់សស្រាំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រួសារ ញាត្តិមិត្ត សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារ និងរកទទួលទានបានដ៏ល្អប្រពៃ ក្នុងសន្តិភាពដ៏ល្អផូរផង់នៃយើងទាំងអស់គ្នា៕